You are not connected. Please login or register

 » ♥ ~ General ~ ♥ » ប្រវត្តសាសន៌ខ្មែរ » រដ្ឋ​ខ្មែរ​ដំបូងបង្អស់​

រដ្ឋ​ខ្មែរ​ដំបូងបង្អស់​

Go down  Message [Page 1 of 1]

PheaKdeySnaeh

avatar
Webmaster
Webmaster
រដ្ឋ​ខ្មែរ​ដំបូងបង្អស់​កកើតឡើង​ដោយ​ឥណ្ឌានីយកម្ម​

រដ្ឋ​ខ្មែរ​ដំបូងបង្អស់​មានឈ្មោះ​ថា "នគរ​ភ្នំ ឬ ហ្វូណន​" ក​កើតឡើង​នៅ​ដើម​សតវត្សរ៍​ទី១ នៃ​គ្រឹស្តសករាជ ដោយ​លទ្ធផល​នៃ​ការផ្សំផ្គុំ​រវាងសហគមន៍​កុលសម្ព័ន្ធ​មន​-​ខ្មែរ តូចធំ ជាច្រើន​ នៅ​ជុំវិញព្រះមហាក្សត្រ តំណាង​នូវ​អំណាចកណ្តាល ក្រោម​ឥទ្ធិពល​ឥណ្ឌានីយកម្ម ដែល​តម្រូវ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​របប​នយោបាយ​ស៊ីជម្រៅ​មួយ​ពី​ប្រពៃណីនិយម​យកមេ​ជា​ធំ​ ទៅ​ជា​របប​រាជានិយម​បែប​ឥណ្ឌា​វិញ ។


ទីតាំង​អតីត​ព្រះ​រាជធានី​អង្គរបុរី ឬ វ្យា​ធបុ​រៈខេត្ត​តាកែវ​ថត​ពីលើ​អាកាស​ដោយ​គណៈកម្មការ​ជាតិ​ទន្លេមេគង្គ​

លោក​បណ្ឌិត​មី​សែ​ល​ត្រា​ណេ អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ បានបញ្ជាក់​ថា ឥណ្ឌានីយកម្ម​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​សន្តិវិធី ។ នៅក្នុង​រដ្ឋបាល​ថ្មី​ដែល​គេ​​រៀបចំ​តាម​បែប​ឥណ្ឌា​នោះ គេ​ឃើញ​មាន​ព្រះរាជា ឬ ព្រះមហាក្សត្រ​បំពេញ​តួនាទី​ជំនួស​មេកន្ទ្រាញ​ដែលជា​អ្នក​គ្រប់គ្រង ដោយ​មាន​សព្វ​នាម៉ឺន​មន្ត្រី​ជា​ជំនួយការ ។​

​លោក​បណ្ឌិត​មី​សែ​ល​ត្រា​ណេ បាន​បន្តថា : របប​គ្រប់គ្រង​ស្រុកភូមិ​បែប​រាជាធិបតេយ្យ​ថ្មី​នេះ ដែល​មាន​អំណាច​កណ្តាល​ជា​ស្នូល ដោយ​មាន​អក្សរ​សំស្ក្រឹត​ជា​យាន ដើម្បី​ផ្សព្វផ្សាយ​នូវ​បទបញ្ជា ក្រឹត្យក្រម និង​មនោគមន៍វិជ្ជា ព្រហ្ម​ញ្ញសាសនា និង​ព្រះពុទ្ធ សាសនា បាន​នាំមក​នូវ​ភាព​រឹងប៉ឹង​នៃ​សហគមន៍​កសិករ​ខ្មែរ​ដើម​នានា​ដែល​រស់​តាម​វាលទំនាប តំបន់​ឆ្នេរសមុទ្រ និង​ខ្ពង់រាប ។ នេះ​ជា​ការ​លេចធ្លោរ​ឡើង​នៃ​រដ្ឋ​ខ្មែរ​ដំបូង បង្អស់​នា​ដើម​សតវត្សរ៍​ទី ១ នៃគ្រឹស្តសករាជ ។ ព្រះរាជាណាចក្រ​ដ៏​ធំ​នេះ ជា​លទ្ធផល​នៃ​ការផ្សំផ្គុំ​រវាង​សហគមន៍​កុលសម្ព័ន្ធ​មន​-​ខ្មែរតូចធំ​ជា​ច្រើន​ជុំវិញ​ព្រះមហាក្សត្រ​តំណាង​នូវ​អំណាចកណ្តាល ។ រដ្ឋ​ខ្មែរ​ដំបូង​នេះ​មានឈ្មោះ ថា នគរ​ភ្នំ ឬហៅថា ហ្វូណន (​តាម​ភាសា​ចិន​) ដោយ​មាន​រដ្ឋ​ចេនឡា​ជា​ចំណុច​ដ៏​ធំ​ជាងគេ​ក្នុងចំណោម​រដ្ឋ​តូច​ដទៃទៀត ។​

​ក៏ប៉ុន្តែ ទោះជា​យ៉ាងនេះក្តី ឯកភាព​ពេញលេញ​ក៏​ពុំ​ទាន់​កើតឡើង​ភ្លាមៗ​ដែរ ដោយ ហេតុ​ថា វិវាទ​រវាង​​រដ្ឋ​តូច​ធំ​ដែល​មាន​លក្ខណៈ​ជា​កុលសម្ព័ន្ធ​ នៅ​មាន​ជា​អចិន្ត្រៃយ៍​នៅឡើយ។ លោក​បណ្ឌិត​មី​សែ​ល​ត្រាណេ​បានបញ្ជាក់​ថា : តាមពិត​យើង​ត្រូវ​រង់ចាំ​ដល់​រជ្ជកាល​នៃ​ព្រះបាទ​ជយ​វរ្ម័នទី ២ ពោល​គឺ​នៅ​ដើម​សតវត្សរ៍​ទី ៩ នៃ​គ្រិស្តសករាជ​ទើប​សម្រេច​នូវ​ឯកភាព​ជាតិ​ដែល​ជា​វត្ថុបំណង​របស់​អ្នកដឹកនាំ​ខ្មែរ​គ្រប់​យុគសម័យ ។ ក្នុងករណី​នេះ​ហើយ​បានជា​ចម្បាំង​ទាស់ទែង​នឹង​អំណាច​កណ្តាល​កើតមានឡើង​មិនចេះចប់​មិនចេះហើយ ដើម្បី​ស្វ័យភាព​របស់​រដ្ឋ​ទាំងនោះ ។ អ្វីៗ​ទាំងអស់​នេះ​ក៏​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​សារជាតិ​ពិត​នៃ​ប្រព័ន្ធ​នយោបាយ​របស់​អតីត​ព្រះរាជាណាចក្រ​ខ្មែរ ដែល​ជា​ក្សត្រ​រដ្ឋ​ផងដែរ ។​

​លោក​បណ្ឌិត​ក៏​បាន​បញ្ជាក់បន្ថែម​ផងដែរ​ថា : ព្រឹត្តិការណ៍​នយោបាយ និង​វប្បធម៌​ដ៏​សំខាន់​នេះ​បាន​រុញច្រាន​សង្គម​ខ្មែរ​ ឱ្យ​មាន​ការវិវត្តន៍​ទាំង​ខាង​ទំនៀមទម្លាប់​ប្រពៃណី​ទាំង​ខាង​និន្នាការ​ជំនឿ​ ក្នុង​វិស័យ​មនោគមន៍វិជ្ជា​សាសនា​ ទាំង​ខាង​នយោបាយ​រៀបចំ​ដែនដី​នា​សម័យមុន​អង្គ​រ ។​

​យោង​ទៅលើ​មូលដ្ឋាន​ជាក់ស្តែង​នេះ ដោយ​ពឹងផ្អែក​ទៅលើ​ការស្រាវជ្រាវ​ផ្នែក​ចារឹក​សាស្ត្រ​ យើង​អាច​ដឹងថា​មាន​ការសាងសង់​ពី​សំណាក់​អ្នកដឹកនាំ​ខ្មែរ​នូវ​ផ្លូវ​គមនាគមន៍ ព្រះ​ដិមា ដូច​ជា​ព្រះ​ទេវ​រូប ពុទ្ធ​រូប ព្រមទាំង​បូជនីយដ្ឋាន​ទូទាំង​ប្រទេស ។ ទន្ទឹមនេះដែរ ដើម្បី​ដំណើរការ​ទីតាំង​ពិសិដ្ឋ​ទាំងនោះ គេ​បាន​សាង​ផ្លូវ ជីក​ព្រែក ស្រះ​ទឹក រយ៉ា​ល ឬ បារាយណ៍​ជាដើម ។ ក្នុង​កិច្ចការ​សង្គម-​សាសនា​នេះ គេ​ឃើញ​មាន​ការ​ធ្វើ​អំណោយ​នូវ​ដីធ្លី និង​ខ្ញុំកំដរ​ផងដែរ ប្រយោជន៍ដើម្បីអភិវឌ្ឍន៍​តំបន់​ទាំងនោះ ដោយ​ព្រះមហាក្សត្រ​ខ្មែរ ។ សមិទ្ធិ​ទាំងនេះ​ស្ថិតក្នុង​បន្ទាត់នយោបាយ​រដ្ឋ​ដើម្បី​បង្រួបបង្រួម និង​អភិវឌ្ឍន៍ ប្រទេសជាតិ ។

​ដូចនេះ​ស្ថិតនៅក្រោម​ឥទ្ធិពល​នៃ​សាសនា​ឥណ្ឌា​ ទីក្រុង ឬ រដ្ឋ​តូចធំ​ទាំងនោះ​បន្តិច​ម្តងៗ ក៏​បាន​ក្លាយទៅជា​មជ្ឈមណ្ឌល​វប្បធម៌ ដែល​មាន​ព្រះរាជា​ធំៗ ឬ រណប​ជា​ប្រមុខ​ប្រកបដោយ​បច្ចេកវិជ្ជា និង​វប្បធម៌​ខ្ពស់ ដោយ​មាន​លិទ្ធ​ព្រហ្មញ្ញសាសនា​ដែល​ជួន កាល​គួបផ្សំ​នឹង​លទ្ធិ​ព្រះពុទ្ធសាសនា​ជា​មូលដ្ឋានគ្រឹះ ឬ សសរទ្រូង ។​

​លោក​បណ្ឌិត​មី​សែ​ស​ត្រាណេ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា : តាមរយៈ​ការអភិវឌ្ឍន៍​នេះ​គេ​ឃើញ​មានការ​លេចធ្លោ​ឡើង នូវ​ទីក្រុង ឬ បុរី​ជាច្រើន​ដែល​ឈ្មោះ ជា​ភាសាសំស្ក្រឹត​ហៅថា បុរៈ ឬ បុរី ។ ដូចជា​អង្គរបុរី , ស្រេ​ដ្ឋ​បុរៈ, លិង្គ​បុរៈ​ក្នុង​ចក្រភព​ខ្មែរ ដែល​ជា​លទ្ធផល​នៃ​ការប្រែប្រួល ឬ អភិវឌ្ឍន៍​នៃ​សង្គម​នា​សម័យ​បុរាណ ។​

​នេះ​ជា​ភស្តុតាង ឬ ស្លាកស្នាម​ជាក់ស្តែង​យ៉ាង​សំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ ដែល​បង្ហាញ​នូវ​លក្ខណៈ​សង្គម​ខ្មែរ​នា​ដើម​សម័យ​ប្រវត្តិសាស្ត្រ​ពី​កុលសម្ព័ន្ធ ឬ សហគមន៍​មនុស្ស​ដែល​ជា​ស្រុកភូមិ​ទៅ​ជា​បុរី ឬ រដ្ឋ ។ គឺ​ក្នុង​សម័យ​ប្រវត្តិសាស្ត្រ​នេះ​ហើយ​ដែល​គេ​ឃើញ​មាន​ការតាំង​ឈ្មោះ​ថ្មី​នៃ​ទីតាំង​ចាស់ ឬ លំនៅដ្ឋាន​ចាស់​មួយចំនួន ក៏ប៉ុន្តែ ទន្ទឹមនឹងនេះ​ដែរ តំបន់​ខ្លះ​មួយចំនួន​នៅ​តែ​រក្សា​ឈ្មោះ​ដើម​របស់​ខ្លួន​ដដែល ។ ឧទាហរណ៍​ប្រភព​ឯក សារ​ចិន​បានឱ្យដឹង​ថា​ឈ្មោះ​នៃ​ទីក្រុង​អង្គរ​បុរី (​នគរ + អង្គរ + បុរី​) ដើមឡើយ​មាន​ឈ្មោះ​ជា​សំស្ក្រឹត​ថា វ្យា​ធ​បុរៈ ដែល​ជា​ទីក្រុង​របស់​អ្នក​ព្រានព្រៃ​ដែល​ជា​ទ្រមាក់​ដំរី ។ មូលហេតុ​ដែល​អ្នកស្រុក​តាំង​ឈ្មោះ​នេះ គឺ​បណ្តាលមកពី​អ្នកស្រុក​បាន​ជ្រើសរើស​ទ្រមាក់ដំរី​ម្នាក់​យ៉ាង​ចំណាន​ឱ្យធ្វើ​ជា​ស្តេច​របស់​ពួកខ្លួន ។​

​លោក​បណ្ឌិត​បាន​បន្តថា : ផ្អែក​លើ​យុទ្ធសាស្ត្រ​ស្ថាបនា​ជាតិ​ថ្មី​នេះ​ដោយ​យក​សាសនា​ជា​ត្រីវិស័យ​ ជាមូលដ្ឋាន​សម្រាប់​ការអភិវឌ្ឍន៍ ហើយ​ក្នុង​គោលបំណង​ផ្សារភ្ជាប់​មណ្ឌល​វប្បធម៌​ជិត​ឆ្ងាយ​នៅ​ជនបទ​ ទៅ​នឹង​ស្ថាប័ន​រដ្ឋ​អំណាច​កណ្តាល​គឺ​ព្រះ​រាជធានី​សមស្រប​នឹង​នយោបាយ​បង្រួបបង្រួមជាតិ​ អតីត​អ្នកដឹកនាំ​ខ្មែរ​បាន​ផ្តោត​ការយក ចិត្តទុកដាក់ ​ចាប់អារម្មណ៍​លើ​វិស័យសាសនា​សន្តិភាព ។ ដូចនេះ​ទាំង​ព្រះរាជា​ មន្ត្រី ជាន់ខ្ពស់​រមែង​តែងតែ​ទៅ​កាន់​ទេវស្ថាន​នានា​ក្នុង​ប្រទេស​ ទៅ​កាន់​ទី​រួម​ខេត្ត​ជិត​ឆ្ងាយ ដោយ​មាន​វត្តមាន​របស់​ពួក​ព្រាហ្ម​ណ៍បុរោ​ហិត ។ អ្នកដឹកនាំ​ខ្មែរ​យល់ថា វិស័យ​សាសនា​គឺជា​មធ្យោបាយ​តែ​មួយគត់ មិន​គ្រាន់តែ​ចង​ខ្មែរ​ជា​បាច់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​ពង្រឹង​ពង្រីក​អំណាច​កណ្តាល​ដែល​មាន​ព្រះមហាក្សត្រ​ជា​ប្រមុខ ​ហើយ​បើ​មណ្ឌល​វប្បធម៌​នៅតាម​ខេត្ត​នានា​បាន​រឹងប៉ឹង​កាលណា អំណាច​របប​រាជាធិតេយ្យ​នឹង​មាន​ឥទ្ធិពល​ខ្លាំងក្លា​ឡើងកាលនោះ ។

​លោក​បណ្ឌិត​បាន​បញ្ជាក់​ថា : មណ្ឌល​ទាំងនោះ​គឺជា​ទីប្រជុំជន​យ៉ាង​កុះករ​ដែល​ផ្សារ ភ្ជាប់​នឹង​ព្រះ​រាជធានី​ដែល​មាន​ព្រះរាជា​ប្រថាប់​គង់ ។ ការ​មូលផ្តុំ​អំណាច​រដ្ឋបាល​តាម រយៈ​មណ្ឌល​នយោបាយ ​សេដ្ឋកិច្ច និង​វប្បធម៌​តូច​ធំ​ទាំងឡាយ​ដែល​ស្ថិតនៅ​ជុំវិញ​ព្រះ​រាជធានី បាន​អនុវត្តន៍​ដោយ​ពួក​អភិជន ដែល​ជានិច្ចកាល​ទទួល​នូវ​កិត្តិយស​លាភ​សក្កា​រៈពីសំ​ណាក់​ព្រះមហាក្សត្រ ព្រោះ​គេ​ជា​មន្ត្រី​របស់​ព្រះបរមរាជវាំង ដូចជា​ការដំឡើង​កិត្តិយស ឬ ការផ្តល់​អំណាច​ជា​ដីធ្លី​ជា​ដើម ​សម្រាប់​សាងសង់​ត្រួតត្រា ឬ ធ្វើស្រែ​ចម្ការ ។​

​លោក​បណ្ឌិត​បាន​បន្តថា : ស្ថានភាព​នេះ​ពុំ​ធ្លាប់​មាន​ឡើយនា​សម័យមុន​ឥទ្ធិ​ពលឥណ្ឌា ។ ដូចនេះ​ការផ្សព្វផ្សាយ​លទ្ធិ​សាសនា​ដល់​ប្រជានុរាស្ត្រ​តាម​រយៈ​ព្រះមហាក្សត្រ ឬ ពួក​អភិជន​ព្រមទាំង​ពួក​ព្រាហ្មណ៍​បុរោហិត ឬ ព្រះ​ភិក្ខុសង្ឃ ជា​ចំណុច​នៃ​ការរៀបចំ​ស្រុកទេស ឬ ការគ្រប់គ្រង​សង្គម​ជាតិ ដោយ​មាន​វណ្ណៈ ឬ ប្រភេទ​ខុសៗ​គ្នា​ក្នុង​ប្រទេស​កម្ពុជា ក៏​ប៉ុន្តែ​ពុំ​មាន​លក្ខណៈ​តឹងរ៉ឹង​ដូច​ប្រទេស​ឥណ្ឌា​ឡើយ ។​

​លោក​បណ្ឌិត​មី​សែ​ល​ត្រា​ណេ បានបញ្ជាក់​ថា : ការរៀបចំ​រចនាសម្ព័ន្ធ​ឱ្យមាន​អ្នកដឹកនាំ​ឲ្យមាន​ឋានៈ និង ​វត្តមាន​របស់​អ្នកស្រែ​ចម្ការ ដែល​មាន​សេរីភាពនិងអ្នកស៊ីឈ្នួលគេ ពោល​គឺ​បាវព្រាវ ​ដែល​រស់នៅ​ជុំវិញ​ទីក្រុង​តូច​ធំ​ខាងលើនេះ ឆ្លុះបញ្ចាំង​នូវ​របៀប​គ្រប់គ្រងចាត់ចែង​សង្គមជាតិ នា​សម័យ​បុរាណ​យ៉ាង​ពិតប្រាកដ​តាម​ឋានានុក្រម ។ រី​ឯ​អំណាច​របស់​ព្រះមហាក្សត្រ​ក៏​ដូច្នោះ​ដែរ ពោល​គឺ​មិន​​អាច​ផ្តាច់ចេញ​ពី​ស្ថាប័ន​រដ្ឋបាល​ឡើយ ពីព្រោះ​ព្រះអង្គ​ស្ថិតនៅ​លើ​កំពូល​នៃ​រចនាសម្ព័ន្ធ ។​


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
View user profile http://www.srolanhkhmer.com/

PheaKdeySnaeh

avatar
Webmaster
Webmaster
៙ អាណាចក្រ​នគរ​ភ្នំ​ ​ ​ ​ ​ ​

​ការ​បាន​ដឹង​ប្រវត្តិសាស្ត្រ​នគរ​ភ្នំ​គឺតាមរយៈ​ប្រភព​ឯកសារ​ពីរ​ប្រភេទ ៖ កំណត់ហេតុ​ចិន និង​បុរាណវត្ថុ​ដែល​បាន​ផលិត​ឡើង​ដោយ​បុព្វបុរស​ដូចជា គ្រឿង​អង្ការ ទេវ​រូប ព្រះ​ពុទ្ធរូប សិលាចារឹក​...​។​ល ។​

​សូមបញ្ជាក់​ថា អាណាចក្រ​ភ្នំ​គឺជា​អាណាចក្រ​ដែល​សំខាន់​បំផុត នៃ​អាស៊ី​ភាគ​អាគ្នេយ៍​តាំង​តែ​ពីអំឡុង​សតវត្សរ៍​ទី​១ នៃ​គ្រិស្តសករាជ ។​​អាណាចក្រ​ភ្នំ ហៅ​តាម​ភាសា​ចិន​ថា ហ្វូណន ។ ភាសា​ខ្មែរ​បុរាណ " វ្នំ " ដែល​បច្ចុប្បន្ន​ពាក្យ​នេះ ក្លាយ​ជា​ភ្នំ ។​​នា​សម័យ​បុរាណ​ ចិន​តាំង​ឈ្មោះ​ប្រទេស​ខ្មែរ​តាមរយៈ​ភ្នំ នៃ​ព្រះ​អាណាចក្រ​ខ្មែរ​ ហើយព្រះ មហាក្សត្រ​នៃ​នគរ​ភ្នំមាន​ព្រះនាម​ថា បុព្វ​ភូបាល ឫ​សាល​រាជ ។​

​តាមរយៈ​ការស្រាវជ្រាវ​ថ្មីៗនេះ ដោយ​អ្នក​បុរាណវិទូ​​បណ្ឌិត​មី​សែ​ល​ត្រាណេ​បាន ឲ្យដឹងថា អាណាចក្រ​ភ្នំ​ជា​រដ្ឋ​ដែល​មាន​ព្រះ​រាជធានី​ជាច្រើន ដែល​ក្នុងនោះ​មាន​ជា​អាទិ៍ៈ វ្យាធបុ​រៈ ឫ​អង្គរបុរី និង​ទីក្រុង​អ៊ូ​ថង នៅ​ស្រុកថៃ​សព្វថ្ងៃ ។​

​រាជធានី​អង្គរបុរី​ស្ថិតនៅ​ក្បែរ​ដង​ទន្លេមេគង្គ ផ្នែក​ខាងក្រោម ឫ​ទី​ទំនាប​មាត់​ទន្លេ​មេគង្គ ដែល​ក្នុងនោះ​មាន​កំពង់ផែ​អន្តរជាតិ​អូរ​កែវ នៅ​កម្ពុជា​ក្រោម​បច្ចុប្បន្ន​ជា​សរសៃឈាម​សេដ្ឋកិច្ច ក៏​ប៉ុន្តែ​នៅ​សម័យ​រុងរឿង បរិវេណ​នៃ​ព្រះរាជ​នគរ​ខ្មែរ​ដំបូងបង្អស់​នេះ ក៏​បាន​លាតសន្ធឹង​ទៅ​ដល់​តំបន់​ភាគខាងត្បូងនៃ​ដង​ទន្លេមេគង្គ​កណ្តាល ​រហូត​ដល់​ផ្នែក​ធំ នៃ​ទន្លេ​ចៅ​ប្រា​យ៉ា និង​ជ្រោយ​ម៉ាឡាយូ​បច្ចុប្បន្ន - នេះ​បើ​យើង​សំអាង​ទៅលើ​វត្ថុ​បុរាណ និង​បុរាណ​ដ្ឋា​ន​ជាច្រើន​ដែល​​បាន​រកឃើញ ។ ការសន្និដ្ឋាន​នេះ​ត្រូវ​ពឹងផ្អែក​ទៅលើ​ឯកភាព​នៃ​សំណង់​វប្បធម៌​នា​សម័យ​នោះ ដែល​ជា​វត្ថុតាង​​ស្ថិតក្រោម​ឥទ្ធិ​ពល​នៃ​សិល្បៈ​ក្លឹង្គ​អម​រាវ​តី ។​

​ម្យ៉ាងទៀត គឺ​ភាពស្រដៀងគ្នា​នៃ​ខឿនវប្បធម៌​នេះហើយ ​ដែល​បញ្ជាក់​ឱ្យ​យើង​ដឹង​នូ​វ​ទំហំ​នៃ​អាណាចក្រ​នគរ​ភ្នំ​នេះ ដែល​បាន​ជះ​ឥទ្ធិពល​ពី​ទិស​ខាងលិច​ទៅ​ទិស​ខាងកើត​ពោល​គឺ​ពី​ដង​ទន្លេ​ចៅប្រា​យ៉ាទៅដល់​ទន្លេមេគង្គ​ផ្នែកខាងក្រោម​នៃ​ប្រទេស​កម្ពុជា ជា​ពិសេស​តំបន់​អូរ​កែវ អង្គរ​បុរី និង​បាភ្នំ​នៅ​ខេត្ត​ព្រៃវែង​បច្ចុប្បន្ន ។​

​ចំពោះ​ទីតាំង​នៃ​ក្រុង​អង្គរ​បុរី ឬ វ្យ​ធ​បុរៈ (​ទីក្រុង​នៃ​ព្រាន​ព្រៃ​) កំណត់ហេតុ​នៃ​រាជវង្ស​ពៀង​សរសេរ​នៅ​ពាក់កណ្តាល​ពុទ្ធ​សតវត្សរ៍​ទី ១១ បានឲ្យដឹងថា ព្រះរាជ​នគរ​នេះ​តាំង​នៅ​ឃ្លាត​ឆ្ងាយ​ពី​សមុទ្រ ៥០០ លី គឺ ២០០ គីឡូម៉ែត្រ ។​

​រហូតដល់​ពេល​នេះ​អ្នកប្រវត្តិសាស្ត្រ​ បាន​យល់ឃើញថា ចម្ងាយ​នេះ​ជា​ចម្ងាយ​ដែល​គេ​គិត​ពី​សមុទ្រ​ទៅដល់​តំបន់ភ្នំ បាភ្នំ ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​អង្គរបុរី​ដែរ ។ ក៏​ប៉ុន្តែ​គ្មាន​អ្វី​ដែល​ថា​ចម្ងាយ​នេះ​មិនមែន​ជា​ចម្ងាយ​រវាង​សមុទ្រ និង​ទីក្រុង​អ៊ូ​ថង​ដែរ ដែល​ជា​អតីត​រាជធានី​ដ៏​សំខាន់​របស់​នគរ​ភ្នំ ដែល​សម័យ​នោះ​ដូចជា​អង្គរបុរី​ដែរ រាជធានីនេះ មាន​ទំនាក់ទំនង​យ៉ាង​ជិត​សិ្នទ្ធ​ជាមួយ​ចិន​តាម​វិស័យ​ទូត និង​ពាណិជ្ជកម្ម​ដូច​វត្ថុ​បុរាណ​ចិន​ដែល​គេ​បាន​រកឃើញ​ជា​សក្ខីភាព​ស្រាប់ ។​

​ក្នុង​ពុទ្ធ​សតវត្សរ៍​ទី ៨ លោក​ភាំង​ថែ និង​ជូ យី​ង ក៏​បាន​បង្ហាញ​នូវ​ប្រវត្តិ​របស់​នគរ​ភ្នំ​តាមរយៈ​កំណត់ហេតុ​ផ្សេងៗ និង​សន្ទា​នុ​ក្រម​របស់​ចិន​ដែល​នៅ​សេសសល់ ។ ថ្វី​បើ​អត្ថបទ​ដើម​របស់​ជនជាតិ​ចិន​ទាំង​ពីរ​នាក់​បាន​បាត់បង់​ទៅ​ដោយសារ​ព្រឹត្តិការណ៍​សំខាន់ៗ ហើយវាត្រូវបានប្រវត្តិវិទូ​ចិន​ជំនាន់​ក្រោយ​​ដកស្រង់​មកសរសេរក៏ពិតមែ​ន ក៏វានៅតែ​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​សំរាប់ខ្មែរដែរ ។​

​ប្រវត្តិសាស្ត្រ​បាន​កត់ត្រាថា "ព្រះមហាក្សត្រ​ដំបូង​របស់​អាណា​ចក្រ នគរ​ភ្នំ ឬ ហ្វូណន ជា​ជនជាតិ​ឥណ្ឌា​ទ្រង់​មានត្រកូល​ហ៊ុនទៀន (Houentien) គឺ​កោណ្ឌ​ញ ។ លោក​ម្ចាស់​នេះ ទ្រង់​យាង​ពី​ប្រទេស​ឥណ្ឌា ឬ តាមរយៈ​ជ្រោយ​ម៉ាឡាយូ ។ ក្រោយ​ពី​ហ៊ុន ទៀន បាន​បង្ក្រាប​ព្រះ​នាង​លីវ យី ដែល​ជា​ម្ចាស់​ស្រុក​ព្រះអង្គ​ក៏​រៀប​អភិសេក​ជាមួយ​ព្រះ​នាង​ទៅ "។​

​នេះ​ជា​ការចាប់ផ្តើម នៃ​សន្តតិវង្ស​ក្នុង​អតីត​ព្រះរាជណាចក្រ​កម្ពុជា​យើង ។ក្នុងករណី​នេះ​ហើយ​ដែល​វប្បធម៌​-អារ្យធម៌​ឥណ្ឌា​ដែល​មាន​ព្រហ្មញ្ញសាសនា និងព្រះពុទ្ធ សាសនា​ជាគ្រឹះ បាន​ត្រូវ​ជនជាតិ​ខ្មែរ​ទទួល​ប្រតិបត្តិ​យ៉ាង​ឆាប់រហ័ស​បំផុត ។​

​គួរ​កត់សម្គាល់​ផងដែរ​ថា ដំណើរការ​នៃ​ឥណ្ឌានីយកម្ម​នៃ​នគរ​ភ្នំ​តាម​រយៈ​រដ្ឋបាល​បែបហេដ្ឋារចនាសម្ព័ន្ធ​ក្លឹង្គ​បានធ្វើឲ្យ​មូលដ្ឋាន​នយោបាយ​របស់​ខ្មែរ ​ដែល​យក​មេ​ជា​ធំ​បាន​ក្លាយទៅជា​មហាអំណាច​នៅក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​នេះ ក្នុង​អតីតកាល ៕F


By Cen.com.kh


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
View user profile http://www.srolanhkhmer.com/

Andynakata


Senior Member
Senior Member
Thanks,


☆L☆♥☆O☆♥☆V☆♥☆E☆♥☆K☆♥☆H☆♥☆M☆♥☆E☆♥☆R
www.clubvegas999.com
View user profile http://www.clubvegas999.com

Back to top  Message [Page 1 of 1]

Permissions in this forum:
You cannot reply to topics in this forum